អគ្គនាយក CMAC អំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យរួមគ្នាលុបបំបាត់ការភ័យខ្លាច និងការគំរាមកំហែងដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម
ភ្នំពេញ៖ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) លោក ហេង រតនា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យរួមគ្នាលុបបំបាត់ការភ័យខ្លាច និងការគំរាមកំហែងដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ដើម្បីប្រែក្លាយទឹកដីសុវណ្ណភូមិដ៏កំសត់មួយនេះ ប្រកបដោយសុខសន្តិភាពបរិបូណ៌។
លោក ហេង រតនា បានបញ្ជាក់ថា ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២១ មានជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ៣៤ករណី។ តួលេខនេះបង្ហាញពីការថយចុះ ៣៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលមានជនរងគ្រោះដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះរហូតដល់ទៅចំនួន ៥៥នាក់។ ក្នុងចំណោមជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមទាំង ៣៤នាក់ មានករណីស្លាប់ ១០នាក់ របួស ១៨នាក់ និងពិការចំនួន ៦នាក់។
យោងតាមផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ឆ្នាំ២០១៨-២០២៥ បានឱ្យដឹងថា នៅកម្ពុជាមានផ្ទៃដីសង្ស័យមានផលប៉ះពាល់ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាមប្រមាណជាង ១.៩៧០ គីឡូម៉ែត្រការ៉េ ក្នុងនោះប្រមាណ ៨៧៧គីឡូម៉ែត្រការ៉េ ជាដីមានផលប៉ះពាល់ខ្ពស់ដោយសារមីន ៤៩៩គីឡូម៉ែតការ៉េ ជាដីប៉ះពាល់ដោយគ្រាប់បែកចង្កោម និង ៣៣៣គីឡូម៉ែត្រការ៉េ ជាដីមានផលប៉ះពាល់ដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាម។ ផ្ទៃដីមានគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជិត ២ពាន់គីឡូម៉ែត្រការ៉េនេះ កម្ពុជាត្រូវការថវិកាប្រមាណ ៤០៦លានដុល្លារ សម្រាប់បោសំអាតចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៥៕
អត្ថបទ៖ ឃឹម វិសាល