ដល់
( អា. និ. ) ចំពោះ, ឆ្ពោះត្រង់, សំដៅឆ្ពោះ, ដែលផ្គងឆ្ពោះ; ដូចជា ពីម្សិលមិញខ្ញុំបានឲ្យប្រាក់មួយរយរៀលដល់វាហើយ; ខ្ញុំនឹកដល់ម្ដាយខ្ញុំណាស់; គេឲ្យទានដល់ពួកស្មូម ។ សម្រាប់ព្រះមហាក្សត្រិយ៍ និងឥស្សរជនឯទៀតៗ, ត្រង់ពាក្យ ដល់ នេះ ត្រូវប្រើពាក្យ ចំពោះ ឬ ឆ្ពោះ ជាជំនួស : សូមថ្វាយសាធុការចំពោះព្រះករុណា ជាម្ចាស់ជីវិតលើត្បូង...; សូមជូនពរចំពោះអស់លោក... ។ ដរាបទៅទល់នឹង : ចាំដល់ថ្ងៃស្អែកសឹមយើងទៅ។ ចុះដល់ទៅអង្កាល់ ? ចាំដល់ទៅអង្កាល់ក៏បាន !; ចុះស៊ីដល់ណាទៅទៀត ? ។ ល។ មួយទៀត, ត្រង់កន្លែង អា. និ. នៃ, កុំប្រើពាក្យ ដល់ ឧ. ព្រះអង្គជាម្លប់ដ៏ត្រជាក់ ដល់ប្រជាពលរដ្ឋទាំងពួង; ត្រូវប្រើថា : ព្រះអង្គជាម្លប់ដ៏ត្រជាក់នៃប្រជាពលរដ្ឋទាំងពួង ដូច្នេះវិញ ដ្បិត នៃ ស្មើគ្នានឹង របស់ (ជាម្លប់របស់)... ។ល។ គួរពិនិត្យឲ្យហ្មត់ចត់ កុំប្រើដោយច្រឡំ អា. និ. នូវ, ដល់ នឹង, នៃ ដោយអាស្រ័យសកម្មកិរិយា, អកម្មកិរិយា និងសកម្មាកម្មកិរិយា ជាដើម ជាគោលផងជាដរាប ។
( កិ. ) បានសម្រេច, បានទីដែលត្រូវទៅមក : គេបានទៅដល់ស្រុកគេហើយ ។