Jump to content

ផល

ពីWiktionary

ផល់ សំ. បា. ( ន. ) ផ្លែ; សេចក្ដី​ចម្រើន; លាភ; ចំណេញ; រង្វាន់; សម្បត្តិ; សេចក្ដី​រុងរឿង; ការ​ដុះដាល; ប្រយោជន៍​ដែល​បាន​សម្រេច​ហើយ; អ្វី​ៗ​ដែល​កើត​មក​អំពី​ហេតុ; សុខ​ទុក្ខ​ដែល​កើត​អំពី​កម្ម; លេខល័ព្ធ : ​ឆ្នាំ​នេះ​សារពើ​ដំណាំ​មាន​ផល​ល្អ​ជាង​ឆ្នាំ​មុន; ខ្ញុំ​ខំ​ប្រឹង​ធ្វើ​ការ​ណាស់ ប៉ុន្តែ​មិន​សូវ​មាន​ផល​ប៉ុន្មាន; កម្ម​ឲ្យ​ផល; ផល​បុណ្យ​ពី​ព្រេង​នាយ; បាន​សម្រេច​មគ្គ​ផល ។ល។ ផល​កាល (ផៈល៉ៈ--) ន. (សំ. បា.) រដូវ​ឈើ​មាន​ផ្លែ : សម័យ​នេះ​ជា​ផល​កាល ។ ផល​ចិត្ត (ផៈល៉ៈចិត) ន. (សំ. បា.) ចិត្ត​ដែល​បាន​សម្រេច​លោកុត្តរ​ផល (ហៅ​បាន​តាំង​អំពី​សោតាបត្តិ​ផល​រៀង​ដល់​អរហត្ត​ផល), ជា​គូ​គ្នា​នឹង មគ្គ​ចិត្ត (ព. ពុ. សម្រាប់​ប្រើ​ខាង​លោកុត្តរ​ធម៌), ផល​ញាណ (ផៈល៉ៈញាន) ន. (បា. ផលញ្ញាណ; សំ. ផលជ្ញាន) ប្រាជ្ញា​ដែល​ឆ្លុះ​ឃើញ​លោកុត្តរ​ផល (ព. ពុ. ជា​គូ​គ្នា​នឹង មគ្គ​ញាណ) ។ ផល​ព្រឹក្ស (ផៈល៉ៈព្រឹក) ន. (សំ. ផលវ្ឫក្ស; បា. ផល​រុក្ខ) ឈើ​ដែល​មាន​ផ្លែ គឺ​ឈើ​ដែល​បញ្ចេញ​ផ្កា​ហើយ​ក​កើត​ជា​ផ្លែ​ផង ។ ព. ផ្ទ. បុប្ផ​ព្រឹក្ស ឬ បុស្ប​ព្រឹក្ស ។ ផល​សម្បទា ឬ ផល​សម្ប័ទ (ផៈល៉ៈស័មប៉ៈទា ឬ--ស័ម-ប័ត) ន. (បា. ផល​សម្បទា; សំ. ផល​សំបទ៑ ឬ--សម្បទ៑) ការ​បរិបូណ៌​ដោយ​ផល, ការ​ចម្រើន​ផល ។ ផល​សិទ្ធិ (ផៈល៉ៈសិត-ធិ ឬ--សិត) ន. (សំ. បា.) ការ​សម្រេច​ផល ។ ផលានិសង្ស ( ផៈល៉ានិសង់ ) ន. (បា. > ផល + អានិសំស) អានិសង្ស​នៃ​ផល, ការ​ហូត​យក​នៃ​ផល គឺ​សេចក្ដី​សុខ​សេច​ក្ដី​ចម្រើន​ដែល​កើត​អំពី​ផល​នៃ​អំពើ​ល្អ ។ ផលានុផល (ផៈល៉ានុផល់) ន. (បា. ផល + អនុផល) ផ្លែ​និង​ផ្លែ​តាម​លំដាប់, ផ្លែ​មុន​និង​ផ្លែ​ក្រោយ; ផ្លែ​ធំ​និង​ផ្លែ​តូច ។ ពាក្យ​នេះ តាម​ទម្លាប់​ដែល​ប្រើ​មក គឺ​សំដៅ​យក​ផល​ដំណាំ​សំខាន់​ៗ ដូច​ជា​ស្រូវ, ពោត ដែល​ប្រើ​ជា​អាហារ​ចាំបាច់ និង​ផល​ដំណាំ​បន្ទាប់​បន្សំ​រាយ​រង​ផ្សេង​ៗ ដូច​ជា​ល្មុត, ស្វាយ, ចេក ជាដើម : ឆ្នាំ​នេះ ផលានុផល​គ្រប់​ប្រភេទ​នៅ​ប្រទេស​យើង​បាន​ចម្រើន​កើន​ជាង​ឆ្នាំ​មុន ។ ផលាផល (ផៈល៉ាផល់) ន. (សំ. បា.) ផ្លែ​តូច​និង​ផ្លែ​ធំ (ផ្លែ​ឈើ​តូច​ធំ) : ស្វែង​រក​ផលាផល​ជា​អាហារ ។ ផលារាម (ផៈ ល៉ារ៉ាម) ន. (សំ. បា. < ផល + អារាម) សួន​ឈើ​មាន​ផ្លែ, ចម្ការ​ដំណាំ​មាន​ផ្លែ ។ ផលាហារ (ផៈល៉ា--) ន. (សំ. បា.) ផ្លែ​ជា​អាហារ, ផ្លែ​ឈើ​សម្រាប់​ប្រើ​ជា​អាហារ ។ល។