Jump to content

អនុរុទ្ធ

ពីវិគីភីឌា
ផ្នែកជាបន្តបន្ទាប់នៃ
ព្រះពុទ្ធសាសនា


គ្រោងមតិកា · ក្លោងទ្វារ

ប្រវត្តិ
កាលប្បវត្តិ · សង្គាយនា
ព្រះពុទ្ធ · សាវ័ក

ព្រះធម៌Concepts

អរិយសច្ច៤ · បញ្ចក្ខន្ធ
អនិច្ចំ · ទុក្ខំ · អនត្តា
បដិច្ចសមុប្បាទ
លោកុត្តរបដិច្ចសមុប្បាទ១១
មជ្ឈិមគ្គបដិបទា · សុញ្ញតា
ច្បាប់នៃកម្ម · ជាតិ (ជាតិ
សង្សារវដ្ត · លោកធាតុ

ការបដិបត្តិ

ព្រះរតនត្រ័យ
សិក្ខាបទ៥ · សិក្ខាបទ៨
សមាធិ · បញ្ញា
អរិយអដ្ឋង្គិកមគ្គ
ពោធិបក្ខិយធម៌

និព្វាន
និព្វាន៤ថ្នាក់ · ព្រះអរហន្ត
ពុទ្ធភាពពោធិសត្វ · ពោធិសត្វ

ប្រពៃណីព្រះពុទ្ធសាសនា
គម្ពីរធម៌ · ថេរវាទ
គម្ពីរបាលី · មហាយាន
គម្ពីរធម៌ចិន · វិជ្រយាន
គម្ពីរធម៌ទីបេ

ថេរវាទ

   

ប្រទេស

  ស្រីលង្កា
កម្ពុជា • ឡាវ
ភូមា • ថៃ
 

Texts

 

ព្រះត្រ័យបិដក
Commentaries
Subcommentaries

 

History

 

Pre-sectarian Buddhism
Early schools • Sthavira
Asoka • Third Council
Vibhajjavada
Mahinda • Sanghamitta
Dipavamsa • Mahavamsa
Buddhaghosa

 

Doctrine

 

Saṃsāra • Nibbāṇa
Middle Way
អរិយដ្ឋង្គិកមគ្គ
អរិយសច្ច៤
Enlightenment Stages
Precepts • Three Jewels
Outline of Buddhism

 

ព្រះត្រៃបិដក

    វិន័យបិដក    
   


                                                                
មហាវិភង្គ ភិក្ខុនី មហាវគ្គ ចុល្លវគ្គ វរិវារ
                         
   
    សុត្តន្តបិដក    
   
                                                                          
ទីឃនិកាយ មជ្ឈិមនិកាយ
                             
   


   
                                                                                    
សំយុត្តនិកាយ អង្គុត្តរនិកាយ
                                 
   


   
                                                                               
អង្គុត្តរនិកាយ ខុទ្ទកនិកាយ
                               
   
   
                                                                               
ខុទ្ទកនិកាយ
                               
   
    អភិធម្មបិដក    
   
                                                                               
ធម្ម វិភង្គ ធាតុ
បុ.
កថាវត្ថុ យមកប្បករណ៍
                               
   
   
                                                                                    
មហាបដ្ឋាន
                                 
   
         


ឯតទគ្គំ ភិក្ខវេ មម សាវកានំ ភិក្ខូនំ ទិព្វចក្ខុកានំ យទិទំ អនុរុទ្ធោ ម្នាល​ភិក្ខុ​ទាំង​ឡាយ អនុរុទ្ធ​កំពូល​ជាង​ភិក្ខុ​ទាំង​ឡាយ​ជា​សាវ័ក​របស់​តថាគត​ផ្នែក​ទិព្វចុក្ខុ។ កាល​ដែល​ព្រះ​ថេរៈ​បាន​ជា​អ្នក​លើស​ជាង​ភិក្ខុ​ទាំង​ពួង​ ផ្នែក​ទិព្វចក្ខុនោះ មាន​ហេតុ​ពីរ​ប្រការ​គឺ

  • ដោយ​ការ​ហ្វឹក​ហាត់​យ៉ាង​ជំនាញ គឺ​ក្រោយ​ពេល​ឆាន់ហើយ ព្រះ​អនុរុទ្ធ​ត្ថេរ​ក៏​ចម្រើន​អាលោកកសិណ ដើម្បីសំលឹង​មើល​ពិភព​លោក​ដោយ​ទិព្វ​ចក្ខុ​ទាំង​យប់​ទាំង​ថ្ងៃ រហូត​បាន​ស្ទាត់​ជំនាញ។
  • ដោយ​សេច​ក្តី​ប្រាថ្នា​ក្នុង​អតីតជាតិ គឺ​លោក​បាន​ធ្វើបុណ្យ​កុសល​ហើយ ក៏​តាំង​ប្រាថ្នា​ថា សូម​អោយ​បាន​ជា​កំពូល​ជាង​ភិក្ខុ​ទាំង​ឡាយ​ផ្នែក​មាន​ទិព្វចក្ខុ។

អតីតជាតិ

[កែប្រែ]

ពុទ្ធ​កាល​ព្រះ​បទុមុត្តរសម្មាសម្ពុទ្ធ

[កែប្រែ]

ក្នុង​កាល​មួយ​សែន​កប្ប​កន្លង​ទៅ​ហើយ ព្រះ​អនុរុទ្ធ​ត្ថេរ​បាន​កើត​ជា​កុដុម្ពីក៍។ ថ្ងៃ​មួយ​​កុដុម្ពីក៍​បាន​ទៅ​កាន់​វិហារ​រួម​ជា​មួយ​មហា​ជន ដើម្បី​ស្តាប់​ព្រះធម្ម​ទេសនា។ ក្រោយ​ពេល​ព្រះ​បទុមុត្តរសម្ពុទ្ធ​សម្តែង​ធម៌​ហើយ ទ្រង់​បាន​តែង​តាំង​ភិក្ខុ​មាន​ទិព្វ​ចក្ខុ​មួយ​អង្គ​​ទុក​ក្នុង​ដំណែង​ដ៏​កំពូល។ កុដុម្ពីក៍​នោះ​ស្តាប់​ហើយ គិត​ថា ភិក្ខុ​រូប​នេះ​ប្រសើរ​ក្រៃ​លែង សូម្បី​យើង​ក៏​គួរ​ជា​អ្នក​លើស​ដោយ​ទិព្វ​ចក្ខុ ក្នុង​សាសនា​របស់​ព្រះ​សម្ពុទ្ធ​មួយ​អង្គ ដែល​នឹង​ឧបត្តិឡើង​ក្នុង​កាល​អនាគត។ លុះ​គិត​ហើយ គាត់​ក៏​ចូល​ទៅ​និមន្ត​ព្រះ​បទុមុត្តរ​សម្ពុទ្ធ​ព្រម​ទាំង​ភិក្ខុ​សង្ឃ​មួយ​សែន​រូបសោយ​ភត្តាហារ​នៅ​ផ្ទះ​របស់​ខ្លួន។ គាត់​បាន​ថ្វាយ​ទាន​រយៈ​ពេល​៧​ថ្ងៃ​ជាប់​គ្នា លុះ​ដល់​ថ្ងៃ​ទី​៧​គាត់​ក៏​បាន​ថ្វាយ​សំពត់​យ៉ាង​ល្អ​ព្រម​ដោយ​ម្ជុល​ដេរ និង​គ្រឿង​ជ្រលក់ ចំ​ពោះ​ព្រះ​សម្ពុទ្ធ​ និង​ភិក្ខុ​សង្ឃ​ទាំង​មួយ​សែន​អង្គ ហើយ​តាំង​សេច​ក្តី​ប្រាថ្នា​ចំពោះ​ព្រះ​ភក្ត្រ​របស់​ព្រះ​សម្ពុទ្ធ​ថា "ខ្ញុំព្រះ​អង្គ​បាន​ធ្វើ​សក្ការបូជា​ក្នុង​ពេល​នេះ មិន​ដើម្បី​ទិព្វ​សម្បត្តិ ឬ​មនុស្ស​សម្បត្តិ​ណា​មួយ​ឡើយ ព្រះ​អង្គ​ទ្រង់​តាំង​ភិក្ខុ​ណា ក្នុង​តំណែង​ដ៏​លើស​ជាង​ភិក្ខុ​ទាំង​ឡាយ​ផ្នែក​ទិព្វ​ចក្ខុ​កន្លង​ទៅ​៧​ថ្ងៃ​ហើយ សូម​អោយ​ខ្ញុំ​ព្រះ​អង្គ​បាន​ជា​កំពូល​ផ្នែក​ទិព្វ​ចក្ខុ​ដូច​ភិក្ខុ​រូប​នោះ ក្នុង​សាសនា​របស់​ព្រះ​សម្ពុទ្ធ​អង្គ​ណាមួយ​ក្នុង​អនាគត​កាល។" ព្រះ​បទុមុត្តសម្មាសម្ពុទ្ធ ទ្រង់​ប្រសើរ​ដោយ​អនាគតង្សញ្ញាណ គឺ ញាណ​ដែល​ដឹង​ហេតុ​ការណ៍​ក្នុង​អនាគត ទ្រង់​ឃើញ​ថា សេចក្តី​ប្រាថ្នា​របស់​កុដុម្ពីក៍​នោះ នឹង​បាន​សម្រេច​ ទ្រង់​ក៏​ព្យាករណ៍​ថា "កន្លង​ទៅ​មួយ​សែន​កប្ប​ក្នុង​អនាគត នឹង​មាន​ព្រះ​ពុទ្ធ​មួយ​ព្រះ​អង្គ​ព្រះ​នាម​ គោតម ស្តេច​ឧបត្តិឡើង​ក្នុង​លោក អ្នក​នឹង​បាន​ជា​កំពូល​ជាង​ភិក្ខុ​ទាំង​ឡាយ​ផ្នែក​ទិព្វ​ចក្ខុ មាន​ឈ្មោះ​ថា អនុរុទ្ធ ក្រោយ​ធ្វើ​អនុមោទនា​ហើយ ព្រះ​បទុមុត្តរ​ក៏​យាង​ទៅ​កាន់​ទី​ប្រថាប់​វិញ។ កុដុម្ពីក៍​នោះ​ធ្វើបុណ្យ​រហូត​ដល់​ពេល​ព្រះ​សម្ពុទ្ទ​បរិនិព្វាន។ មនុស្ស​ទាំង​ឡាយ​បាន​ធ្វើ​ព្រះ​ចេតីយ៍​សុវណ្ណ​មាន​កំពស់​៧​យោជន៍ស្តេច​ហើយ កុដុម្ពីក៍​នោះ​មាន​សទ្ធា​ជ្រះ​ថ្លា​ត្រូវ​ការ​ធ្វើបុណ្យ​កុសល ដែល​ទាក់​ទង​នឹង​សុវណ្ណ​ចេតីយ៍​នោះ ទើប​ចូល​ទៅ​សួរ​ភិក្ខុ​សង្ឃ​ថា "បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន ការ​បរិកម្ម ឬ​ធ្វើ​កុសល​ដើម្បី​អោយ​កើត​ផល​ជា​ភ្នែក​ទិព្វនោះ នឹង​ត្រូវ​ធ្វើ​ដូចម្តេច​ទាន?" ភិក្ខុ​ទាំង​ឡាយ​ណែ​នាំ​ថា "ម្នាល​កុដុម្ពីក៍ អ្នក​ប្រាថ្នា​នឹង​បាន​ទិព្វ​ចក្ខុ គួរ​ធ្វើ​ប្រទីប​បូជា​ព្រះ​សុវណ្ណ​ចេតីយ៍​នោះ"។ កុដុម្ពីក៍​ក៏​ចាត់​ចែង​ប្រទីប​ធំ​មួយ​ពាន់​ដើម​ នាំ​ទៅ​តាំង​ទុក​ជុំ​វិញ​ព្រះ​ចេតីយ៍ និង​មាន​ប្រទីប​តូច​ៗ​នៅ​ចន្លោះ​ប្រទីប​ធំ​នោះ ហើយ​អុជ​បូជា​ព្រះ​សុវណ្ណ​ចេតីយ៍ ដោយ​តាំង​ចិត្ត​បូជា​ព្រះ​បទុមុត្តរ​សម្ពុទ្ធ​ជា​ម្ចាស់។

ពុទ្ធកាល​ព្រះ​សុមេធសម្មាសម្ពុទ្ធ

[កែប្រែ]

ព្រះ​អនុរុទ្ធ​​ លោក​បាន​អុជ​ប្រទីប​ថ្វាយ​បូជា​ព្រះ​សុមេធ​សម្មាសម្ពុទ្ធ ដែល​ទ្រង់​ចូល​ឈាន​ទៀបគល់​ឈើ​មួយ​ដើម​ក្នុង​រយៈ​៧​ថ្ងៃ ដោយ​បុណ្យ​នេះ​អោយ​ផល ព្រះ​អនុរុទ្ធ​បាន​កើត​ជា​ទេវតា​មាន​កាយ​ភ្លឺ​រុង​រឿង​ជាង​ទេវតា​ទាំងឡាយ​ជា​និច្ច ទាំង​យប់​ទាំង​ថ្ងៃ បាន​កើត​ជា​ស្តេច​ចក្រពត្តិ​មាន​ភ្នែក​ទិព្វ អាច​មើល​ឃើញ​បាន​ចម្ងាយ​មួយ​យោជន៍​ជុំវិញ ជា​ស្តេច​ចក្រ​រួម​២៤​ជាតិ បាន​ជា​ព្រះ​ឥន្ទ្រ​៣០​កប្ប លោក​បាន​សម្រេច​ទិព្វ​ចក្ខុ​ រមែង​មើល​ឃើញ​បាន​ដោយ​ញាណ រហូត​មួយ​ពាន់​លោក​ធាតុ​ក្នុង​ព្រះ​សាសនា​របស់​ព្រះ​សម្ពុទ្ធ​អង្គ​នេះ។ ព្រះ​សុមេធ​សម្មាសម្ពុទ្ធ​​ទ្រង់​ឧបត្តិឡើង​ក្នុង​លោក កន្លង​៣​ម៉ឺន​កប្បអំពី​ភទ្ទកប្បនេះ លោក​ជា​អ្នក​មាន​ចិត្ត​ផូរផង់ បាន​បូជា​ប្រទីប​ចំពោះ​ព្រះ​អង្គ សម្រេច​មក​ដល់​ជាតិ​ចុង​បញ្ចប់​នេះ លោក​បាន​ធ្វើ​អោយ​ជាក់​ច្បាស់​នូវ​គុណ​វិសេស​ គឺ​បដិសម្ភិទា​៤ វិមោក្ខ​៨ និង​អភិញ្ញា​៦​ប្រការ ទាំង​បាន​ធ្វើ​តាម​ពាក្យ​ទូន្មាន​របស់​ព្រះ​ពុទ្ធ​ជា​ម្ចាស់​ស្រេច​ហើយ។

ពុទ្ធ​កាល​ព្រះ​កស្សប​សម្មាសម្ពុទ្ធ

[កែប្រែ]

លុះ​វេលា​កន្លង​ទៅ​ជា​ច្រើន​កប្ប លោក​បាន​កើត​ជា​កុដុម្ពីក៍។ កាល​ដែល​ព្រះ​កស្សប​សម្ពុទ្ធ​ទ្រង់​បរិនិព្វាន មហាជន​បាន​សាង​ចេតីយ៍​កំពស់​មួយ​យោជន៍ ដើម្បី​បញ្ចុះ​ព្រះ​បរម​សារី​រិកធាតុ​ស្រេច​ហើយ សាង​ថាស​សំរឹទ្ធ​ជា​ច្រើន​ដាក់​ទឹក​ដោះ​ថ្លា​អោយ​ពេញ​ធ្វើ​ប្រឆេះ​ដាក់ ហើយ​អុជ​បូជា​ជុំវិញ​ព្រះ​ចេតីយ៍​នោះ ចំណែក​កុដុម្ពីក៍​បាន​ធ្វើ​ថាស​សំរឹទ្ធ​ធំ​ជាង​ថាស​ទាំង​ពួង ដាក់​ទឹក​ដោះ​ថ្លា​ពេញ​ ធ្វើ​ប្រឆេះ​មួយ​ពាន់​ដាក់​ជុំវិញ​កណ្តាប់​មាត់​ថាស ប្រឆេះ​ធំ​ត្រង់​កណ្តាល អុជ​អោយ​ឆេះ​ឡើង ហើយ​ទូល​លើ​ក្បាល ដើរ​ប្រទក្សិណ​ព្រះ​ចេតីយ៍​តាំង​ចិត្ត​ធ្វើ​ជា​ពុទ្ធ​បូជា អានិសង្ស​នៃ​ការ​បូជា​នេះ កុដុម្ពីក៍​នោះបាន​កើត​ក្នុង​ទេវលោក សោយ​ទិព្វ​សម្បត្តិ​ដ៏​ប្រណិត។
លុះ​ទេវ​កុដុម្ពីកៈ​នោះ ច្យុត​ចាក​ទេវលោក បាន​កើត​ក្នុង​ត្រកូល​ក្រខ្សត់​មួយ នៅ​ក្នុង​ក្រុង​ពារាណសី មាន​ឈ្មោះ​ថា អន្នភារៈទទួល​ភារៈ​ចូក​ស្មៅ​​រែក​ស្មៅ​អោយ​សុមនសេដ្ឋី​ដែល​ជា​អ្នក​ពេញ​ប្រៀប​ដោយ​ចិត្ត​មេត្តា​ករុណា​បរិច្ចាគ​ទាន​ដល់​មនុស្ស​កំព្រា អនាថា អ្នក​ដំណើរ​ឆ្ងាយ រាល់​ៗ​ថ្ងៃ។ ថ្ងៃ​មួយ​ព្រះ​បច្ចេកពុទ្ធ​​​ឧបរិដ្ឋតាម​ប្រក្រតី​ លោក​ស្នាក់​នៅ​ភ្នំ​គន្ធមាទន៍ លោក​បាន​ចេញ​ចាក​​និរោធ​សមាបត្តិ ហើយ​ពិចារណាថា ថ្ងៃ​នេះ​នឹង​ទៅ​អនុគ្រោះ​នរណា (​ធម្មតា​ព្រះ​បច្ចេកពុទ្ធ​ទាំង​ឡាយ​តែងពេញ​ចិត្ត​​អនុគ្រោះ​មនុស្ស​ទុគ៌ត​ក្រខ្សត់) ព្រោះ​ដូច្នេះ លោក​គិត​ថា ថ្ងៃ​នេះ​នឹង​ទៅ​អនុគ្រោះ​ដល់​អន្នភារៈ កាល​ព្រះ​អង្គ​ជ្រាប​ថា អន្នភារៈ​ត្រឡប់​មក​ពី​ព្រៃ​ហើយ លោក​ក៏ដណ្តប់​ចីវរ​ស្ពាយ​បាត្រ​ហោះ​ចាក​ភ្នំ​គន្ធមាទន៍ ទៅ​ឈរ​រង​ចាំ​នៅ​មាត់​ទ្វារ​ផ្ទះ​អន្នភារៈ ឯ​អន្នភារៈ ត្រឡប់​មក​ឃើញ​ព្រះ​បច្ចេកពុទ្ធ​ឧបរិដ្ឋ​ឈរ​នៅ​ក្បែរ​ផ្ទះ ទើប​ទូល​សួរ​ថា "​លោក​ម្ចាស់​បិណ្ឌបាត​បាន​អាហារ​ហើយ​ឬ " ព្រះ​បច្ចេកពុទ្ធ​​ឆ្លើយ​តប​ថា ម្នាល​បុរស​អ្នក​មាន​បុណ្យ​ច្រើន អាត្មា​នឹង​បាន​អំពី​អ្នក​ដែល​មាន​បុណ្យ " អន្នភារៈ​ក៏​និមន្ត​ព្រះ​អង្គ​អោយ​រង​ចាំ​មួយ​ស្របក់ ហើយ​ខ្លួន​ប្រញាប់​ចូល​ក្នុង​ផ្ទះ​សួរ​ភរិយា​ថា "​អាហារ​ដែល​ជា​ចំណែក​ខ្ញុំ​មាន​ឬទេ" នាង​ឆ្លើយ​ថា "​អាហារ​ដែល​ជា​ចំណែក​បង​មាន" អន្នភារៈស្ទុះ​ចេញ​ទៅ​ទទួល​បាត្រ​ពី​ព្រះ​បច្ចេកពុទ្ធមក ហើយ​និយាយនឹង​ភរិយាថា "ការ​ដែលយើង​ទាំង​ពីរ​ត្រូវ​ស៊ី​ឈ្នួល​គេ ក្រខ្សត់​ដូច្នេះ ព្រោះ​យើង​មិន​ធ្លាប់​ធ្វើ​បុណ្យ​ទុក​ក្នុង​ជាតិ​មុន កាល​យើង​គិត​នឹង​អោយ​ទាន របស់​ដែល​នឹង​អោយ​ទាន​ក៏​មិនមាន កាល​របស់​ដែល​អោយ​ទាន​មាន តែ​អ្នក​ដែល​នឹង​ទទួល​ទាន​មិនមាន ថ្ងៃ​នេះ​យើង​បាន​ជួប​ព្រះ​បច្ចេកពុទ្ធ​ឧបរិដ្ឋ​ហើយ ទាំង​អាហារ​ដែល​ជា​ចំណែក​របស់​ខ្ញុំ​ក៏​មាន នាង​ចូរ​នាំ​យក​អាហារ​ដែល​ជា​ចំណែក​ខ្ញុំ​ដាក់​ក្នុង​បាត្រ​នេះ​ចុះ" ភរិយារបស់​អន្នភារៈ​ជា​មនុស្ស​ឆ្លាត លុះ​ស្តាប់​ស្វាមី​និយាយ​ហើយ គិត​ថា ស្វាមី​របស់​យើង ត្រេក​អរ​នឹង​អោយ​អាហារ​ជា​ចំណែក​​របស់​ខ្លួន ចំពោះ​ព្រះ​បច្ចេកពុទ្ធ យើង​ក៏​គួរ​នឹង​បាន​រួម​ចំណែក​ទាន​ក្នុង​ពេល​នេះ​ផង គិត​ហើយ នាង​ក៏​នាំ​អាហារ​ទាំងពីរ​ចំណែក​នោះ​មក​ដាក់​បាត្រ លុះ​ស្រេច​ហើយ អន្នភារៈ​បាន​នាំ​បាត្រ​មក​ប្រគេន​ព្រះ​បច្ចេកពុទ្ធ​វិញ ហើយ​តាំង​ប្រាថ្នា​ថា "សូម​អោយ​ខ្ញុំ​ទាំង​ពីរ​ផុត​ចាក​ជីវិត​ដ៏​លំបាក​នេះ​ចុះ ពាក្យ​ថា​"មិនមាន"​កុំ​អោយ​ស្គាល់​ឡើយ ទាន។" ព្រះ​បច្ចេក​ពុទ្ធ​ពោល​ថា "​ហៃ​បុរស​ដ៏​មាន​បុណ្យ​ច្រើន ចូរ​សម្រេច​ដូច​អ្នក​ប្រាថ្នា​ចុះ" អន្នភារៈ​ចាត់​ចែង​ក្រាល​សំពត់​ក្នុង​ទី​ដ៏​សមគួរ ហើយ​និមន្ត​ព្រះ​បច្ចេកពុទ្ធ​ឆាន់​ក្នុង​ទី​នោះ ពេល​ព្រះ​អង្គ​ឆាន់​ស្រេច​ហើយ អន្នភារៈ​ក៏​ប្រគេន​ទឹក​លាង​បាត្រ ព្រះ​បច្ចេកពុទ្ធ​ក៏​ពោល​អនុមោទនា​ថា "​សូម​ឥដ្ឋ​ផល​ដែល​អ្នក​ប្រាថ្នា​ហើយ តាំង​ចិត្ត​ហើយ ចូរ​សម្រេច​ដោយ​ឆាប់​រហ័ស សូម​តម្រិះ​ត្រូវ​ទាំង​ពួង​របស់​អ្នក​ ចូរ​ពេញ​ប្រៀប​ដូច​ព្រះ​ច័ន្ទពេញ​វង់ កាល​អនុមោទនា​ចប់​ ព្រះ​អង្គ​ក៏​ធ្វើ​ដំណើរ​ទៅ​តាម​ផ្លូវ ខណៈ​នោះ​ទេវតា​ដែល​ឋិត​នៅ​លើ​ស្វេតច្ឆត្រ​របស់​សុមនសេដ្ឋី បាន​អោយ​សាធុការ​គឺ​ការ​បន្លឺ​វាចាថា សាធុ​ សាធុ សាធុ ឱ​ទាន​ដែល​បូជា​ចំពោះ​ព្រះ​បច្ចេកពុទ្ធ​ជា​ទាន​ប្រសើរ​ក្រៃ​លែង។ សុមនសេដ្ឋី​បាន​ឮហើយ មាន​ការ​សង្ស័យ ព្រោះ​មិន​ធ្លាប់​បាន​ឮ​ពី​មុន​មក ក៏​សួរ​ថា "​ខ្ញុំ​បរិច្ចាគ​ទាន​រហូត​អស់​កាល​ត្រឹម​ណេះ អ្នក​មិន​ធ្លាប់​ឃើញ​ទេ​ឬ ទើប​តែ​អោយ​សាធុការ​ក្នុង​ថ្ងៃ​នេះ" ទេវតា​ឆ្លើយ​ថា "​ខ្ញុំ​មិន​បាន​អោយ​សាធុការ​ ក្នុង​ការ​បរិច្ចាគ​ទាន​របស់​អ្នក​ទេ ខ្ញុំ​អោយ​សាធុការ​ក្នុង​ការបរិច្ចាគ​អាហារ​បិណ្ឌបាតរបស់​អន្នភារៈ​ចំពោះ​ព្រះ​បច្ចេកពុទ្ធ​ឧបរិដ្ឋ"។ សេដ្ឋី​គិត​ថា វាជា​រឿង​អស្ចារ្យ​ណាស់ យើង​អោយ​ទាន​យ៉ាង​ច្រើន តែ​មិន​អាច​អោយ​ទេវតា​បន្លឺ​សាធុការដល់​យើង ឯ​អន្នភារៈ​អោយ​ទាន​ត្រឹម​ម្តង​ចំពោះ​ព្រះ​បច្ចេកពុទ្ធ ទេវតា​ក៏​អោយ​សព្វសាធុការ គួរ​តែ​យើងធ្វើ​បិណ្ឌបាត​នោះ​អោយ​ជា​របស់​យើង គិត​ហើយ សេដ្ឋី​ហៅ​អន្នភារៈ​មកហើយ​សុំ​ទិញ​ចំណែក​បុណ្យ​រហូត​ដល់​មួយពាន់​កហាបណៈ​ក៏​អន្នភារៈ​មិន​ព្រម​លក់​។ សេដ្ឋី​ក៏​ពោល​ថា "បើ​អ្នក​មិន​ព្រម​លក់​ក៏​សូម​យក​ប្រាក់​នេះ​ទៅ​ចុះ សូម​ចែក​ចំណែក​បុណ្យ​នោះ​អោយ​ដល់​ខ្ញុំ​ខ្លះ​ផង" អន្នភារៈ​ក៏​ប្រញាប់​រត់​ទៅ​សួរ​ព្រះ​បច្ចេកពុទ្ធ ថា​ខ្ញុំ​សូម​ចែក​ចំណែក​បុណ្យ​ដល់​លោក​សេដ្ឋី​បាន​ឬទេ ព្រះ​បច្ចេកពុទ្ធ​ពោល​ថា "បាន​ បុរស​ដ៏​ចម្រើន" ហើយ​ក៏​សម្តែង​នូវ​សេចក្តី​ឧបមា​អោយ​ស្តាប់​ថា "មាន​ប្រទីប​មួយ​ដើម​អុជ​នៅ​ក្នុង​ផ្ទះ​មួយ​ខ្នង ក្នុង​ភូមិមាន​មួយ​រយ​គ្រួសារ អ្នក​ដទៃ​នាំ​គ្នា​យក​ប្រទីប​ដទៃ​មក​អុជ​បន្ត​អំពី​ប្រទីប​នោះ ពន្លឺ​ប្រទីប​ពី​មុន​អស់​ទៅ​ឬ​ទេ" អន្នភារៈ​ទូលឆ្លើយ​ថា "​មិន​អស់​ទេ មាន​តែ​ចម្រើន​ឡើង​ជាង​មុន" ព្រះ​បច្ចេកពុទ្ធ​ពោល​ថា "​សេចក្តី​ឧបមា​នេះ​យ៉ាង​ណា កាល​បុគ្គល​អោយ​ចំណែក​បុណ្យ​ដល់​អ្នក​ដទៃ បុណ្យ​នោះ​ក៏​រឹង​រឹត​តែ​ចម្រើន​ឡើង​ដូច្នោះ​ដែរ" អន្នភារៈ​ជ្រាប​សេចក្តី​នោះ​ហើយ ក៏​ថ្វាយ​បង្គំ​លា​ព្រះ​បច្ចេកពុទ្ធ ហើយ​ត្រឡប់​មក​រក​សេដ្ឋី​ ចែក​ចំណែកបុណ្យ​អោយ​គាត់។
ដោយ​ហេតុ​បាន​ដាក់​បាត្រ​ព្រះ​បច្ចេក​ពុទ្ធ​ដែល​ទើប​ចេញ​ពី​និរោធ​សមាបត្តិ​ បុណ្យ​នោះ​ក៏​អោយ​ផល​ភ្លាម​ៗ​ឃើញ​ទាន់​ភ្នែក។ សេដ្ឋី​បាន​នាំ​អន្នភារៈ​ទៅ​ណែ​នាំ​ថ្វាយ​ស្តេច​ក្រុង​ពារាណសី ក្រាប​ទូល​ពី​គុណ​ធម៌​ដែល​អន្នភារៈ​មាន ព្រះ​រាជា​ស្តេច​ពេញ​ព្រះ​ទ័យ​ចំពោះ​ការ​ធ្វើទាន​របស់​បុរស​នេះយ៉ាង​ខ្លាំង ក៏​បាន​ប្រទាន​ទ្រព្យ​សម្បត្តិ​ និង​សង់​ផ្ទះ​អោយ​ដល់​អន្នភារៈ។ ពេល​កម្មករ​ជីក​ដី​បម្រុង​សង់​ផ្ទះ បាន​ជួប​នឹង​កំណប់​ទ្រព្យ​ធំៗជា​ច្រើន ក៏​នាំ​គ្នា​ទៅ​ទូល​ព្រះ​រាជា។ ព្រះរាជា​ត្រាស់​អោយ​យក​មក​ដាក់​ឃ្លាំង ពេលនោះ​កំណប់​ទ្រព្យ​ក៏​បាត់​អស់ ទើប​ពួក​អ្នក​ជីក​ទៅ​ទូល​ព្រះរាជា​ម្តងទៀត។ ព្រះ​រាជា​ត្រាស់​ថា ចូរ​ជីក​ដើម្បី​អោយ​ដល់​អន្នភារៈ កាល​ពួក​អាមាត្រ​ទៅ​ជីក​វិញ កំណប់​នោះ​ក៏​ផុស​ឡើង​ដូច​ផ្សិត​ពី​ផែនដី ព្រះរាជា​ឃើញដូច្នោះ​ក៏​តែង​តាំង​អន្នភារៈ​ជា​មហាសេដ្ឋី​ម្នាក់​ក្នុង​ក្រុង​នោះ​មាន​នាម​ថា ធនសេដ្ឋី និង​ប្រទាន​ឆត្រ​ដែល​ជា​ភស្តុតាង​របស់​តំណែង​សេដ្ឋី​ក្នុង​ថ្ងៃ​នោះ​ឯង។ ចាប់​ពី​នោះ​មក អន្នភារៈ​តែង​ធ្វើកល្យាណ​កម្ម​រហូត​អស់​ជីវិត។

បច្ចុប្បន្នជាតិ

[កែប្រែ]

បន្ទាប់​ពី​លោក​ធនសេដ្ឋី​ធ្វើ​មរណកាល ក៏​ទៅ​កើត​ក្នុង​ឋាន​សួគ៌ ត្រាច់​រង្គាត់​សោយ​សុខ​ក្នុង​មនុស្ស​លោក​ទេវលោក​អស់​កាល​ជា​យូរ ហើយ​ត្រឡប់​មក​ចាប់​បដិសន្ធិ​ក្នុង​រាជ​ត្រកូល​សក្យៈ ជា​រាជ​ឱរស​របស់​ព្រះបាទ​អមិតោទនៈ ជា​អនុជ​របស់​ព្រះបាទ​សុទ្ធោទនមហារាជ​ដែល​ជា​ក្សត្រ​គ្រប់​គ្រង​កបិលវត្ថុ។ លោក​​បាន​ទទួលការ​ជ្រើស​រើស​នាម​ថា​ អនុរុទ្ធ។ អ្នក​រួម​ព្រះ​មាតា​តែ​មួយ​ជា​មួយ​នឹង​ព្រះ​អនុរុទ្ធ​កុមារ​មាន​៣​ព្រះអង្គ គឺ​ព្រះជេដ្ឋា​ព្រះនាម​ មហានាម ព្រះ​កនិដ្ឋភគនី ព្រះនាម​ថា រោហិណី។ បើ​រាប់​តាម​លំដាប់​វង្ស អនុរុទ្ធ​កុមារ​ក៏​ជា​អនុជ​របស់​ព្រះ​មាន​ព្រះភាគបរមគ្រូនៃយើង។
ព្រះ​អនុរុទ្ធ​កុមារ​ជា​ក្សត្រ​សុខុមាលជាតិ គឺ​មាន​សេចក្តី​សុខ​យ៉ាង​កំពូល ជា​អ្នក​មាន​បុណ្យ​ច្រើន មាន​ប្រាសាទ​តម្រូវ​ទៅ​តាម​​រដូវនីមួយ​ៗ បរិបូរណ៍​ដោយ​ទ្រព្យ​និង​បរិវារ​យស សូម្បី​តែ​ពាក្យ​ថា "មិនមាន" ព្រះ​រាជ​កុមារ​មិន​ដែល​ស្គាល់​ឡើយ។ ព្រោះ​កាលពី​នៅ​ជា​អន្នភារៈ ព្រះកុមារ​ក្រោយ​ពេល​ដាក់​បាត្រ​ព្រះ​បច្ចេកពុទ្ធ​ហើយ បាន​ប្រាថ្នា​ថា សូម​កុំ​អោយ​ស្គាល់​ ឮពាក្យ​ថា​"មិនមាន" ឡើយ។

បព្វជ្ជា

[កែប្រែ]

កាល​ព្រះ​បរម​គ្រូ​គង់​នៅ​អនុបិយ​និគម​របស់​មល្លក្សត្រ ព្រះ​បាទ​សុទ្ធោទន​ជា​ពុទ្ធ​បិតា ប្រោស​អោយ​ប្រ​ជុំ​ត្រកូល​ក្សត្រ​ទាំង​អស់​ ហើយ​ត្រាស់​អោយ​ពួក​កុមារ​ក្នុង​ត្រកូល​ក្សត្រ​និមួយៗ​ចេញ​បួស​តាម។ ពេល​នោះ​ខត្តិយ​កុមារ​មួយពាន់​អង្គ​បាន​ចេញ​បួស​ព្រម​គ្នា។ គ្រានោះ មហា​នាម​ជា​ជេដ្ឋា​ព្រះ​អនុរុទ្ធ​បានសួរ​​ថា ឥឡូវ​នេះ​ប្អូន​នឹង​ចេញ​បព្វជ្ជា​ ឬ​បង​បព្វជ្ជា។ ព្រះ​អនុរុទ្ធ​មិន​ទាន់​ដឹង​ហេតុការណ៍ ក៏​សួរ​បង​ថា បើ​នៅ​គ្រប់​គ្រង​ផ្ទះ ត្រូវ​ធ្វើ​អ្វី​ខ្លះ បង​បានប្រាប់​ការទទួល​ខុស​ត្រូវ​សព្វ​គ្រប់​ក្នុង​នាម​ជា​ឃរាវាស។ ព្រះ​អនុរុទ្ធ​គិត​ថា ការងារ​ទាំង​ឡាយ​ធ្វើ​មិន​ចេះ​ចប់ ទី​បំផុត​នៃ​ការងារ​នោះ​មើល​មិន​ឃើញ​ឡើយ តើ​កាល​ណា​ការងារ​នោះ​នឹង​អស់​ទៅ តើ​កាល​ណា​យើង​នឹង​មិន​ត្រូវ​ធ្វើ​ការ​ងារ ​ ហើយ​នឹង​បាន​ទទួល​សេចក្តី​សុខ​ក្នុង​កាមារម្មណ៍​យ៉ាង​ពេញ​ទំហឹង ទើប​មហានាម​ប្រាប់​ថា ការ​ងារ​ទាំង​ឡាយ​មិន​ចេះ​ចប់​ទេ សូម្បី​ការងារ​នៅ​មិន​ទាន់​អស់ មាតា​បិតា​យើង​ក៏​អស់​ជីវិត​ទៅហើយ។ អនុរុទ្ធ​ក៏​នឿយ​ណាយ​ចំពោះ​ការងារ ទើប​សុខ​ចិត្ត​ចេញ​បួស​ ទុក​អោយ​បង​ជា​អ្នក​គ្រប់​គ្រង​ផ្ទះ។ ព្រះ​អនុរុទ្ធ​ក៏​ទៅ​ទូល​សុំ​មាតា​បព្វជ្ជា មាតា​មិន​ព្រម ហើយ​ពោល​ថា បើ​ភទ្ទិយៈ​អាច​ចេញ​បួស​បាន មាតា​នឹង​អោយ​បុត្រ​បួស (ដោយ​អាង​ថា ភទ្ទិយៈ​ជា​ក្សត្រ​របស់​សក្យៈ​ទាំងឡាយ គង់​នឹង​មិន​អាច​ចេញ​បួស​បាន)។ អនុរុទ្ធ​ឮ​ហើយ ក៏​ទៅ​បបួល​ភទ្ទិយៈ។ កាល​បាន​សម្រេច​ហើយ ព្រះ​អនុរុទ្ធ​ក៏​ទៅ​បបួល​ក្សត្រ​៣​អង្គ​ទៀត គឺ​ព្រះ​អានន្ទ ព្រះភគ្គុ ព្រះ​កិម្ពិលៈ និង​កោលិយវង្ស​ម្នាក់​ គឺ​ទេវទត្ត និង​ឧបាលិ ជា​នាយ​ភូសា​ម្នាក់​ទៀត រួម​ទាំង​អស់​ត្រូវ​ជា​៧​នាក់។ នាក់​ទាំង​៧​បាន​ចូល​គាល់​ព្រះសាស្តា​ក្នុង​អនុបិយនិគម ហើយ​ក្រាប​ទូល​សុំ​បព្វជ្ជា​ឧបសម្បទា​ក្នុង​ព្រះ​ធម៌​វិន័យ។ ព្រះ​អនុរុទ្ធ​សុំ​អោយ​បព្វជ្ជា​ឧបាលិ​មុន ព្រោះ​ដើម្បី​កាត់​បន្ថយ​ខត្តិយ​មានះរបស់​ពួក​ខ្លួន​អោយ​ស្រាល​ស្តើង។ ក្រោយ​បព្វជ្ជា​ហើយ ព្រះ​ភទ្ទិយត្ថេរ​បាន​សម្រេច​ព្រះ​អរហត្ត​ក្នុង​វស្សា​នោះ ព្រះ​ភគ្គុ ព្រះ​កិម្ពិលៈ និង​ព្រះ​ឧបាលិ បាន​សម្រេច​ជា​ព្រះ​អរហន្ត​ខាង​ក្រោយ​មក​ទៀត។ ឯ​ទេវទត្ត​បាន​សម្រេច​សមាបត្តិ​៨ សម្តែង​ឫទ្ធិ​របស់​បុថុជ្ជន​បាន ព្រះ​អានន្ទ​បាន​សម្រេច​ត្រឹម​តែ​សោតាបត្តិផល។ ចំណែក​ព្រះ​អនុរុទ្ធ ជា​ដំបូង​បាន​សម្រេច​ទិព្វ​ចក្ខុ​ញាណ ក្រោយ​មក​បាន​ស្តាប់​ធម្មទេសនា​​របស់​ព្រះ​បរម​គ្រូ ឈ្មោះ​មហាបុរិសវិតក្កសូត្រ គឺ​ព្រះ​ថេរៈ​បាន​ត្រិះ​រិះ​ដល់​ធម៌​៨​ប្រការ​នេះ

  1. ធម៌​នេះ​ជា​ធម៌​របស់​អ្នក​មាន​សេចក្តី​ប្រាថ្នា​តិច មិន​មែន​ជា​របស់​អ្នក​មាន​ប្រាថ្នា​ច្រើន។
  2. ធម៌​នេះ​ជា​ធម៌​របស់​អ្នក​មានសន្តោស ត្រេក​អរ​តាម​មាន​តាម​បាន មិន​មែន​ជា​របស់​អ្នក​មិនមានសេចក្តី​សន្តោស។
  3. ធម៌​នេះ​ជា​ធម៌​របស់​អ្នក​ស្ងប់​ស្ងាត់ មិន​មែន​ជា​របស់​អ្នក​ត្រេក​អរ​ក្នុង​ពួក​គណៈ។
  4. ធម៌​នេះ​ជា​ធម៌​របស់​អ្នក​ប្រារព្ធ​ព្យាយាម មិន​មែន​ជា​របស់​អ្នក​ខ្ជិល​ច្រអូស។
  5. ធម៌​នេះ​ជា​ធម៌​របស់​អ្នក​មានសតិ​តាំង​មាំ មិន​មែន​ជា​របស់​អ្នក​មានស្មារតី​ភ្លេច​ភ្លាំង។
  6. ធម៌​នេះ​ជា​ធម៌​របស់​អ្នក​មានចិត្ត​តាំង​មាំ មិន​មែន​ជា​របស់​អ្នក​មានចិត្តរាយ​មាយ។
  7. ធម៌​នេះ​ជា​ធម៌​របស់​អ្នក​មានបញ្ញា មិន​មែន​ជា​របស់​អ្នក​ទុប្បញ្ញា សូម្បី​ព្រះ​អង្គ​ក៏​ជ្រាប​ថា ព្រះ​អនុរុទ្ធ​ត្ថេរ​កំពុង​ត្រិះ​រិះ​ដូច្នោះ ទ្រង់​អនុមោទនា​ថា សាធុ​ សាធុ អនុរុទ្ធ អ្នក​ត្រិះ​រិះ​ធម៌​ដែល​មហាបុរស​ត្រិះ​រិះ បើ​ដូច្នោះ​អ្នក​ចូរ​ត្រិះ​រិះ​ធម៌​ដែល​មហា​បុរស​ត្រិះ​រិះ​ជា​ចំណុត​ទី​៨​ថា
  8. ធម៌​នេះ​ជា​ធម៌​របស់​អ្នក​ត្រេកអរក្នុង​ធម៌​ដែល​មិន​យឺត​យូរ មិន​មែន​ជា​របស់​អ្នក​ត្រេក​អរ​ក្នុង​ធម៌​ដែល​នាំ​អោយ​យឺត​យូរ

លុះ​ព្រះ​សាស្តា​ទូន្មាន​ហើយ ទ្រង់​ក៏​ត្រឡប់​ទៅ​ទី​ប្រថាប់​វិញ។ ព្រះ​អនុរុទ្ធ​ត្ថេរ បាន​ព្យាយាម​បន្ត​រហូត​បាន​សម្រេច​អរហត្តផល ហើយ​គិត​ថា ព្រះ​សាស្តា​ដឹង​ចិត្ត​យើង ទ្រង់​មក​ធ្វើ​មហាបុរិស​វិតក្ក​ទី​៨ ពេញ​បរិបូណ៌ ជា​ការ​ដែល​យើង​បាន​សម្រេច​នូវ​បំណង​ហើយ។

តំណែង

[កែប្រែ]

ក្រោយមក ព្រះសាស្តា​គង់​នៅ​វត្ត​ជេតពន​មហា​វិហារ ទ្រង់​ប្រការ​តែង​តាំង​ព្រះ​អនុរុទ្ធ​ត្ថេរ​ក្នុង​តំណែង​ឯតទគ្គៈ ជា​កំពូល​ជាង​សាវក​ទាំងឡាយផ្នែក​មាន​ទិព្វចក្ខុ។
ក្រោយ​ការ​រំលត់​ខន្ធ​របស់​ព្រះ​បរម​សាស្តា​ហើយ ពួក​មល្លក្សត្រ​មាន​បំណង​នឹង​អារាធនា​ព្រះ​សរីរសព ចូល​កាន់​ព្រះ​នគរ​តាម​ទិស​ទក្សិណ ហើយ​នឹង​អារាធនា​ចេញ​ទៅ​ថ្វាយ​ភ្លើង​តាម​ទិស​ទក្សិណ​ដដែល តែ​ពួក​មល្លក្សត្រ​មិន​អាច​លើក​ព្រះ​សរី​រសព​រួច ទើប​ទូល​សួរ​ព្រះ​អនុរុទ្ធ​ត្ថេរ។ ព្រះ​ថេរៈ​ឆ្លើយ​ថា ព្រោះ​ទេវតា​មាន​បំណងផ្សេង។ ទេវតា​មាន​បំណង​នឹង​អារាធនា​ព្រះ​សព​ចូល​នគរ​តាម​ទិស​ឧត្តរ ដោយ​អារាធនា​ទៅ​តាម​ផ្លូវ​កណ្តាល​ក្រុង និង​អារាធនា​ចេញ​តាម​ទិស​បូព៌ា គឺ​ទិស​ខាង​កើត ចាត់​ចែង​ការ​បូជា​ព្រះ​សព​នៅ​ចេតីយ៍​របស់​ពួក​មល្លក្សត្រ ដែល​មាន​ឈ្មោះ​ថា ម្កុដពន្ធនចេតិយ។ ពួក​មល្លក្សត្រ​ក៏​បាន​ធ្វើ​តាម​បំណង​របស់​ទេវតា។
នេះ​ជា​ហេតុ​ផល​ដែល​អះអាង​ថា ព្រះ​អនុរុទ្ធត្ថេរ​មាន​អាយុវែង​ជាង​ព្រះ​បរម​គ្រូ លោក​ជា​អ្នក​មាន​ភ្នែក​ទិព្វ​អាច​ដឹង​ហេតុការណ៍​ដែល​អ្នក​ដទៃ​មិន​អាច​ដឹងបាន ទើប​ចាត់​ទុក​ថា សម​គួរ​ដែល​លោក​បាន​ទទួល​ការ​លើក​តម្កើង​អំពី​ព្រះ​មាន​ព្រះភាគ អោយ​ជា​អ្នក​មាន​ទិព្វចក្ខុ​ ការ​ដឹង​ដោយ​លក្ខណៈ​ពិសេស ផ្នែក​ទិព្វចក្ខុ​នេះ ជា​សមណៈ​កិត្តិយស​ដែល​ប្រកាស​នូវ​ឧត្តម​គុណ​របស់​សាវ័ក​នៃ​ព្រះ​មាន​ព្រះភាគ ហើយ​មាន​កិត្តិយស​តាំង​នៅ​រហូត​ដល់​សព្វថ្ងៃនេះ។

ព្រះត្រៃបិដក
ព្រះអសីតិមហាសាវក

មើលផងដែរ

[កែប្រែ]

សាវ័កព្រះពុទ្ធ